
នេះគេហៅថាខ្មោចទឹក ហើយវានិងកម្ររអោយមនុស្សយើងបាន
៚ រឿង ខ្មោចទឹក ៚
កាលពីព្រេងនាយ មានរឿងមួយដំនាលថា នៅនគរ ជលាបុរី មាន អ្នកលក់ឆ្នាំងម្នាក់ឈ្មោះថា កុម្ភកុឌ ។ កុម្ភកុឌរករបរកបខ្លាំងណាស់ ក្នុងមុខជំនួញ លក់ឆ្នាំងរបស់ គាត់ ។ ថ្ងៃមួយ កុម្ភកុឌ បានបបួលបនភឿន ជុំអស់ក្លើមកផ្ទះខ្លួន ដើម្បីផឹកស៊ី មានស្រា ភោជ្ជភ័ស្តុ និង ទូងស្គរ កំដរផង ។ កុម្ភកុឌ បានអួតប្រាប់គូកនថា គាត់នឹងក្លាយជា ដង្ខៅ ឆ្នាំងក្នុងនគរនេះ ហើយដូរឈ្មោះខ្លួនគាត់ថា លោកដង្ខៅកុម្ភ ។ គាត់និយាយទៀតថា ៖ នឹងគ្មាននរណាហៅអញថា មឹង ឬ នាយ ទៀតទេ ។ ចាប់តាំងពីថ្ងៃនោះមក មិត្តភ្ងារបស់កុម្ភកុឌ តែងតែមកផ្ទះ គាត់មិនដាច់សោះ រៀងរាល់ល្ងាច គេលឺសូរតែសំឡេង ហ៊ោកញ្ជៀវ ខ្ញៀវខ្ញារ ឥតដាច់សោះ ។ ថ្លែងថ្លាសម្តែងពី សុនខញី ពណ៌ខ្មៅ បួនក្បាល ឈ្មោះ នាងសុនីរ៉ា នាងសុនីរ៉េត នាងសុនខី និងនាង សុនីខា តែងតែមកដេកក្រោមគ្រៃ ដែល កុម្ភកុឌ ផឹកស៊ីជាមួយមិត្ត ដើម្បីបានសំនល់ ឆ្អឹង និង កម្អួតមកឆី ជាចំណីរាល់ថ្ងៃ។ ដោយចិត្តពាលរបស់មិត្តម្នាក់ឈ្មោះ ចូឡា បានបបួល កុម្ភកុឌ សម្លាប់ឆ្កែទាំងបួននោះ យកមកឆី ។ កុម្ភកុឌ កាន់ឆ្អឹងបួន ហៅនាងសុនខ ទាំងបួន បន្ទាប់មកនាងសុនខទាំងបួន រីករាយ បក់កន្ទុយ ហាក់ដូចជាស្គាល់កុម្ភកុឌ ។ កុម្ភកុឌ បោះឆ្អឹងនោះចូលក្នុង ទ្រុងជូ្រកប្ញស្សីដ៏ធំមួយ សុនខទាំងបួនចូលក្នុងទ្រុងនោះ ហើយកុម្ភកុឌ បានចងមាត់ ទ្រុងនោះជាប់ ចងដុំថ្មបន្ថែម រួច បញ្ជាឱ្យមិត្តបោះចូលក្នុង ព្រែក ក្បែរផ្ទះ ។ សុនខទាំងបួនក៏ងាប់ ហើយ កុម្ភកុឌ ទាញខ្សែមកវិញ យកសាច់សុនខនោះជាសាច់ក្លែមស្រា ផឹកស៊ីជាមួយគូកនកម្សាន្តលេងសប្បាយ ។ ពេលវេលាកន្លងផុតទៅ ក្នុងថ្ងៃមួយ កុម្ភកុឌ និងមិត្ត ផឹកស៊ីជាធម្មតា រហូតដល់ស្រវឹងជោគរៀងៗខ្លួន មានចោរបួននាក់ ស្លៀកពាក់ពណ៌ខ្មៅ ចូលមកប្លន់ សម្លាប់មិត្តៗរបស់កុម្ភកុឌ ។ កុម្ភកុឌ រត់អោបបង្វិចមាសចងជាប់នឹងខ្លួន ទៅយ៉ាងលឿន ដោយមានចោរ រត់តាមពីក្រោយ ។ មកដល់កំពង់ទឹក កុម្ភកុឌហៀបនឹងចុះទូករត់ ក៏រអិលជើង ធ្លាក់ចូលក្នុងទឹក ។ ដោយធ្ងន់នឹងមាសប្រាក់ ដែលកុម្ភកុឌប្រមូលរត់ ចងជាប់នឹងខ្លួនពិបាកស្រាយពេក កុម្ភកុឌ ត្រូវស្លាប់ ក្នុងទឹកពេលនោះយ៉ាងវេទនា ។ វិញ្ញាណរបស់កុម្ភកុឌ ត្រូវបានឃុំក្នុងទឹក ក្លាយជាខ្មោចទឹក ចាំក្នុងព្រែកនោះ ។ កុម្ភកុឌ មិនអាចងើបចេញពីទឹក ឬ ងើបក្បាលលើផ្ទៃទឹកបានទេ លើកលែងតែថ្ងៃ ឧបោសថសីល ដែលមានព្រះខែពេញវង់ ។ រៀងរាល់ថ្ងៃសីលនោះ កុម្ភកុឌ ងើបក្បាលចេញពីទឹក ហើយ អង្គុយលើ កំពង់ទឹក ។ អ្នកនេសាទ ដែលឃើញរូបរាងខ្មៅស្រិល ភ្នែកក្រហម ក្បាលត្រងោល លើខ្លួនមានរំអិលត្រី ប្រលាក់ពេញកំពង់ទឹក ក៏ភ័យជាខ្លាំង មិនហ៊ានទៅរកត្រីផង ។ កុម្ភកុឌ តែងតែលោតចូលទឹកវិញ នៅពេលខ្លួនគេស្ងួតទឹក គេមិនអាចដើរចេញពីទឹក ឬ នៅលើគោកបានយូរទេ ក្នុងថ្ងៃសីលនោះ ។ ថ្ងៃមួយ មាននារីម្នាក់ឈ្មោះនាង សុច្ចរី បានលេងទឹកព្រែកជាមួយកូនស្រីអ្នកភូមិដទៃទៀត ត្រូវកុម្ភកុឌ ចាប់ទាញជើងនាង ក្នុងពេលដែលនាងលេងបិទពួនក្នុងទឹកជាមួយមិត្ត ៗ ។ នាងស្រែក ហៅមិត្តៗជួយ ពួកគេក៏ចាប់ទាញនាងសុច្ចរីបានមកវិញ ។ កុម្ភកុដ ធ្វើជាខ្មោចទឹកអស់រយៈពេល ៤០០ ឆ្នាំ ព្រោះពុំមាននរណាស្លាប់ក្នុងទឹក ឬលង់ទឹកសោះ ។ ក្នុងថ្ងៃ បោសថសីលមួយនោះ មានព្រះសង្ឃមួយអង្គ ព្រះនាម ព្រះបញ្ចពុទ្ធ បានធ្វើសម្មាធិ យល់រឿងហេតុ ក៏និមន្តទៅកំពង់ទឹក នោះ ។ កុម្ភកុឌ នៅលើកំពង់ទឹកដូចធម្មតា ក៏ជួបនឹងព្រះសង្ឃមួយអង្គនោះ ព្រះសង្ឃមានសង្ឃដីការថា ដោយសារតែកុម្ភកុឌ និង ព្រះអង្គមានឧបនិស្ស័យ នឹងគ្នាពីអតីតជាតិ កាលពីជាតិមុន កុម្ភកុឌ មានជាតិជា ក្មេងកង្វាលគោឈ្មោះ ទុគ្គតិ ចំណែក ព្រះអង្គជាសត្វឆ្មា ដែលលង់ក្នុងទឹក ។ ទុគ្គតិបានស្រង់ឆ្មានោះ យកទៅផ្ទះ តែម្តាយមិនអោយចិញ្ចឹម ក៏យកទៅផ្ញើរតេជគុណនៅវត្ត ។ ដូច្នេះបានជាជាតិនេះ ព្រះអង្គ អាចប្រស់ និងបញ្ចូនកុសលអោយ កុម្ភកុឌបាន ។ កុម្ភកុឌ មានចម្ងល់ មូលហេតុអ្វីបានជាជាតិនេះខ្ញុំត្រូវស្លាប់ហើយកើតជាខ្មោចទឺកបែបនេះ ? ព្រះសង្ឃអង្គនោះ បាន បន្តសង្ឃដីការទៀតថា ពេលទុគ្គតិ ធំចម្រើនវ័យ បានក្លាយជា កុដុម្ពិកៈ ចិត្តកំណាញ់ ។ ថ្ងៃមួយ មានអ្នកបំរើម្នាក់ឈ្មោះ នាយ កុញ្ជរ លួចផឹកទឹក អប់ដោយផ្កាម្លិះ របស់នាយកុដុម្ពី ទុគ្គតិ ដែលដាក់លើគ្រៃ នោះ ត្រូវនាយទុគ្គតិវាយរហូតស្លាប់ ។ ជាតិនេះទើប នាយកុញ្ជរកើតជាចោរ ។ ជាតិនេះដោយសារតែ កុម្ភកុឌបានសម្លាប់ឆ្កែខ្មៅបួនក្បាល ទើបចោរនោះមានគ្នាបួននាក់ ។ ព្រះអង្គមានសង្ឃដីការបន្តទៀតថា តាមពិត ឆ្កែខ្មៅទាំងបួននោះជាញាតិរបស់ កុម្ភកុឌ ក្នងជាតិនេះដែលបានចែកឋានទៅ ហើយមក ដើម្បីមើលថែរក្សាខ្លួនវិញ ។ សុនខញីឈ្មោះ នាងសុនីរ៉ា ជាម្តាយបង្កើតកុម្ភកុឌ នាងសុនីរ៉េត ជាយាយរបស់កុម្ភកុឌ នាងសុនខី ជាម្តាយមីងរបស់កុម្ភកុឌ និង នាង សុនីខា ជាបងស្រីរបស់កុម្ភកុឌ ដែលចែកឋានហើយ ចង់មកក្បែរញាតិខ្លួនវិញ ជាពិសេសជាកូន ចៅ ក្មួយ និង ប្អូនជាទីស្រលាញ់ ក៏ចាប់កំណើតមកជាសត្វតិរច្ឆាន។ កុម្ភកុឌ ស្តាប់ហើយក៏រំជួលចិត្តស្រែកយំយ៉ាងខ្លាំង ។ ព្រះសង្ឃអង្គនោះក៏សូត្រមន្តឧទ្ទិសកុសល កុម្ភកុឌ ចាប់ជាតិកំណើតថ្មីរួចផុតចាកទុក្ខវេទនារហូតហោង។ ចប់ដោយសង្ខេប
0 comments:
Post a Comment